តោះទៅមើល ប្រវត្តិសាស្ត្រគ្រោះថ្នាក់ទាំង ៦ ដែលកម្ពុជាធ្លាប់ឆ្លងកាត់!

ប្រវតិ្តសាស្រ្ត

ប្រទេសកម្ពុជាគឺតែងតែជួបប្រទះនូវបញ្ហាសង្គ្រាមអស់រយៈពេលជាច្រើនសម័យកាលរួចមកហើយគិតចាប់តាំងពីសម័យបុរាណ ហើយភាគច្រើនសង្គ្រាមទាំងនោះច្រើនតែកើតចេញពីវប្បធម៌នៃការបើកដៃឱ្យប្រទេសជិតខាងធ្វើអន្តរាគមន៍ដើម្បីឆ្លៀតឱកាសដណ្តើមអំណាចគ្នាទៅវិញទៅមក។

បើគិតចាប់តាំងពីសម័យបុរាណមកគឺយើងធ្លាប់បានជួបប្រទះការជាន់ដានប្រវត្តិសាស្ត្រគ្រោះថ្នាក់ខ្លួនឯងមិនតិចជាង៦ដងនោះទេ។

លើកទីមួយ ១

ខ្មែរសូរ្យវង្សនៃកម្វុជរដ្ឋ(ចេនឡា)វាយយកខ្មែរសោមវង្សនៃនគរភ្នំ ឬ វ្នំ(ហ្វូណន)ហើយយកសាសនាហិណ្ឌូមកលុបបំបាត់ព្រះពុទ្ធសាសនានៅនគរភ្នំទាំងទំនាបមេទឹក(សព្វថ្ងៃមេណាមឬចៅផ្រះយ៉ា) និងទំនាបទន្លេសាបនិងមេគង្គ ព្រមទាំងបង្កើតរាជវង្សថ្មី(សូរ្យវង្សសោមវង្សរួមគ្នា) តែមានការបះបោរប្រឆាំងពីសំណាក់ស្ដេចត្រាញ់ខ្លះ នាំអោយនគរបែកជាពីរគឺចេនឡាទឹកនិងចេនឡាគោក នាំឱកាសអោយចោរសមុទ្រជ្វាចូលមកឈ្លានពាន និងកម្ទេចព្រះនគរទាំងមូល។

លើកទីពីរ ២

ព្រះបាទជ័យវរ្ម័នទី៧ ជួលទ័ពឈ្នួលសៀមធ្វើអោយពួកនេះយល់ពីកម្លាំងទ័ពខ្មែរនិងវាយនគរចាមអោយខ្សោយកម្ចាត់អង្គក្សត្រចាមឈ្មោះ វិទ្យានន្ទធ្លាប់រស់នៅអង្គរក្បែរព្រះអង្គនិងជាជំនិតព្រះអង្គផងនោះ ធ្វើអោយយួនវាយឈ្នះចាមយ៉ាងងាយនិងចុះមកដល់កម្ពុជានាភាគខាងត្បូងទៀត។

អន្តោប្រវេសន៍ស្សាន (សៀម) មកក្នុងនគរ និងស្ដេច​ជ័យវរ្ម័នទី៨យកប្រពន្ធភូមាជាកូនស្រីព្រាហ្មណ៍ភូមាធ្លាប់បម្រើព្រះបាទជ័យវរ្ម័នទី៧ហើយស្ដេច​ជ័យវរ្ម័នទី៨ជឿតាមប្រពន្ធវាយកម្ទេចព្រះពុទ្ធរូបនិងប្រាសាទបាយ័ននាំអោយវង្សវរ្ម័នមានជម្លោះសាសនារវាងហិណ្ឌូនិងព្រះពុទ្ធ បង្កឱកាសការបះបោរបំបែករដ្ឋសៀមនៅសុខោទ័យ មានសង្រ្គាមផ្ទុះឡើងនិងការយល់ព្រមខ្វេះប្រម៉ាត់ខ្មែរអោយស្ដេចម៉ុងហ្គោលបណ្ដាលអោយរាស្រ្តក្ដៅក្រហាយ បាក់ស្មារតីរឿងប្រម៉ាត់ប្រម៉ង់ បង្កអសន្តិសុខដល់នគរខ្មែរ កម្វុជរដ្ឋទាំងមូល។

លើកទីបី ៣

ការអនុញ្ញាតអោយចិនសង់ព្រះពុទ្ធរូបបិទរូងនាគនៅលើភ្នំឩត្ដុង្គនាំអោយបារមីព្រះម៉ែនាគជាព្រះភូមិមហានគរងើបលែងរួច។

ជម្លោះសាសនា វិបត្តិសង្គម អន្តោប្រវេសន៍សៀម មកក្នុងរាជធានី និងភាពរាំងស្ងួតនៅអង្គរនាំអោយមានរដ្ឋប្រហារទម្លាក់រាជវង្សវរ្ម័នពីរាជ្យសម្បត្តិិ ដោយព្រះបាទត្រសក់ផ្អែម ជាមេទ័ព (រាស្ត្រសាមញ្ញ) ជាឱកាសនាំអោយមានការបង្កើតនគរអយុធ្យាថ្មីនៅទំនាបមេទឹក ដោយពួកស្ដេចត្រាញ់នៅសុវណ្ណបុរៈ (អ៊ូថងនៅសុផាន់បុរី) ខ្ចីដៃស្ដេចត្រាញ់ខ្មែរនៅល្វោដោយល្បិចរៀបការកូនប្រុសស្រីបង្កើតក្រុងថ្មីហើយស្ដេចត្រាញ់នៅសុវណ្ណបុរៈជាតិសៀមកាត់ខ្មែរមនវាយក្រុងអយុធ្យាកាន់កាប់ដោយខ្លួនឯងជានគរឯករាជ្យមួយថ្មី និងបានលើកទ័ពវាយលុកចូលក្រុងយសោធរបុរៈ(អង្គរ) ហើយកាន់កាប់ក្រុងនេះបានពីរលើកនិងបានកៀរប្រជាពលរដ្ឋរាប់សែននាក់ ទ្រព្យសម្បត្តិមហាសាល ក្បួនខ្នាតសឹកនិងគ្រប់គ្រងនគរ ទេវរូប វត្ថុស័ក្ដិសិទ្ធិ អ្នកប្រាជ្ញ កវី បណ្ឌិត្យ សិល្បករ របាំ តន្រ្តី អ្នកជំនួញ និងដុតកម្ទេចក្រុងអង្គរបំផ្លិចបំផ្លាញធារាសាស្ត្រគ្មានសល់។

ការនេះមកពីខ្មែរចាញ់ល្បិចកលគេនិងស្ដេចរាជវង្សថ្មីខ្វះក្បួនសឹកធ្វេសប្រហែសមើលងាយសត្រូវ ជាពិសេសព្រះបាទលំពង់រាជាដែលរំសាយទ័ពបន្ទាប់ពីឈ្នះសៀម តែត្រូវសៀមលើកទ័ពមកជាថ្មីខណៈដែលកេណ្ឌទ័ពមិនទាន់។ ហើយកាលឈ្នះមួយទៀត ដោយសារអាណិតអាសូរទ័ពសត្រូវដែលក្លែងធ្វើពុតជាត្រូវស្ដេចសៀមធ្វើបាប យកមកព្យាបាលរហូតដល់ពួកនេះលួចបិទឆ្នុកកាំភ្លើងធំបាញ់មិនចេញនិងបើកទ្វារក្រុងអោយទ័ពសៀមវាយសម្រុកចូលព្រះនគរធំដោយជោគជ័យ។

លើកទីបួន ៤

ស្ដេចសត្ថានៅក្រុងលង្វែកចុងក្រោយជាស្ដេចល្មោភអំណាច ខ្លាចព្រះអនុជដណ្ដើមរាជ្យកូនរបស់ខ្លួន ក៏ដាក់រាជ្យអោយបុត្រជាកូនក្មេងអាយុមិនដល់១២ឆ្នាំអោយឡើងសោយរាជ្យនាំអោយរាស្ត្រក្ដៅក្រហាយ។ មួយទៀតចាញ់ល្បិចព្រះសង្ឃសៀមក្លែងក្លាយបំផ្លិចបំផ្លាញ ព្រះភូមិ ព្រះពុទ្ធរូបត្រឡែងកែង វត្ថុស័ក្ដិសិទ្ធិការពារព្រះនគរនិងក្រុងលង្វែកដែលសាងដោយព្រះបាទច័ន្ទរាជា នាំអោយរាស្ត្រភ័យព្រួយ ក្រហល់ក្រហាយនិងបាត់ជំនឿ។

កំហុសធំបំផុតគឺ រាស្ត្រនិងមន្ត្រីក្នុងក្រុងលង្វែកល្ងង់លោភលន់ចង់បានប្រាក់ឌួងដែលទ័ពសៀមក្រោមការដឹកនាំស្តេចនរេសូរ្យបោះចូលក្នុងគុម្ពឫស្សីជាកលល្បិចមុននឹងដកទ័ព ហើយរាស្ត្រក្រុងលង្វែកនាំគ្នាទៅកាប់ឆ្ការកំពែងឫស្សីដែលអង្គច័ន្ទរាជាដាំទុកជារបាំងការពារអស់។ ចុងក្រោយទ័ពសៀមក៏លើកមកជាថ្មី លាបជ័រទឹកដុតភ្លើងលើគុម្ពឫស្សីដែលកាប់រួចនាំអោយសៀមវាយបែកលង្វែកដោយជោគជ័យនិងកៀរប្រជាពលរដ្ឋរាប់សែននាក់ ទ្រព្យសម្បត្តិមហាសាល ក្បួនខ្នាតសឹកនិងគ្រប់គ្រងនគរ ទេវរូប វត្ថុស័ក្ដិសិទ្ធិ អ្នកប្រាជ្ញ កវី បណ្ឌិត្យ សិល្បករ របាំ តន្រ្តី អ្នកជំនួញ និងដុតកម្ទេចក្រុងលង្វែករាបដល់ដី។

លើកទីប្រាំ ៥ 

ស្ដេចជ័យជេដ្ឋារៀបការជាមួយបុត្រីស្ដេចយួនក្រុងវេ និងអនុញ្ញាតអោយពួកនេះខ្ចីដីកោះក្របីព្រៃនគរហាត់ទ័ពហើយមិនសងវិញហើយពួកយួនតែងតែចាក់ដោតរាជវង្សខ្មែរជំនាន់ក្រោយអោយឈ្លោះតែគ្នាធ្វើអោយយួនមានឱកាសដណ្ដើមកាន់កាប់ខេត្តនៅកម្ពុជាក្រោមម្ដងមួយៗជាបន្តបន្ទាប់និងសម្លាប់ធ្វើទារុណកម្មដាំក្បាលកំពប់តែអុងនិងជីកព្រែកវិញតេហើយលួចបើកក្បាល់ទឹកទំនប់មិនប្រាប់សម្លាប់រាស្ត្រខ្មែរក្រោមគ្មានត្រាប្រណី និងយួនរឹបអូសដីធ្លីនិងសម្លាប់ខ្មែរក្រោមយ៉ាងរង្គាលដោយដេញទៅមាត់សមុទ្រ និងដុតឯកសារអក្សរសាស្ត្រខ្មែរមិនតិចទេ។

ហើយជំនាន់បារាំង យួនប្រើល្បិចអោយខ្មែរទៅធ្វើស្រែ ពេលបារាំងចុះធ្វើប្រជាមតិ យួនបានទៅឈរមុខផ្ទះខ្មែរប្រាប់បារាំងថាយល់ព្រមកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន ធ្វើអោយបារាំងសម្រេចកាត់ទឹកដីនេះអោយយួនជាផ្លូវការនៅថ្ងៃទី ០៤ មិថុនាឆ្នាំ១៩៤៩ ហើយស្តេចខ្មែរក៏ធ្វើមិនអើពើទៀតអាងតែធ្លាប់ជាទឹកដីខ្លួនមិនគិតថាបារាំងនឹងកាត់អោយយួន។ សម័យយួនខាងត្បូង​ យួនបានសម្លាប់បាតុករខ្មែរកម្ពុជាក្រោម ជាពិសេសគឺព្រះសង្ឃខ្មែរក្រោមអស់ជាច្រើនពាន់នាក់និងរបបខ្មែរក្រហមសម្លាប់រង្គាលខ្មែរកម្ពុជាក្រោមចោទថាខ្លួនខ្មែរក្បាលយួននិងកម្ចាត់មេទ័ពរំដោះកន្សែងសកម្ពុជាក្រោមគ្មានសល់ធ្វើអោយចលនារំដោះកម្ពុជាក្រោមត្រូវរលាយ។

សព្វថ្ងៃខ្មែរកម្ពុជាក្រោមត្រូវយួនបិទសិទ្ធិមិនអោយរៀនចេះដឹងខ្ពស់ ផឹកតែស្រា ជក់បារី និងមិនសូវបានរៀនអក្សរខ្មែរដោយយួនបិទមិនអោយរៀន រៀនបានតែអ្នកបួសក្នុងវត្តខ្លះៗប៉ុណ្ណោះ។ យួនព្យាយាមក្លែងតាមទូរទស្សន៍ថាវាធ្វើល្អដាក់ខ្មែរក្រោមតាមពិតសុទ្ធតែក្រុមកូនចៅវាបង្រៀនអោយសម្ដែង តែខ្មែរត្រូវបានគាបសង្កត់ខាងវប្បធម៌និងសេដ្ឋកិច្ចយ៉ាងដំណំមកទល់សព្វថ្ងៃដោយភាគច្រើនធ្វើការនៅរោងចក្រដូចខ្មែរកណ្ដាលដែរ។

លើកទីប្រាំមួយ ៦

កំហុសចុងក្រោយក្នុងសតវត្សថ្មីៗនេះគឺ អ្នកដឹកនាំខ្មែរខ្សែរាជវង្សមួយរូបបានអនុញ្ញាតអោយយួនខាងជើងសម្ងំទ័ពនៅកម្ពុជាវាយយួនខាងត្បូងនាំអោយអាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជាហើយទ័ពយួនបែរជាជួយបង្កើនទ័ពខ្មែរក្រហមនិងពុំព្រមដកចេញពីកម្ពុជា ធ្វើអោយសេនាប្រមុខលន់នល់ត្រូវបង្ខំចិត្តបង្កើតសាធារណ្ឋខ្មែរដកអំណាចស្ដេចដើម្បីប្រយុទ្ធនឹងពួកកុំមុយនីសខ្មែរក្រហមនិងយួន តែចុងក្រោយស្ដេចជាអ្នកដឹកនាំដដែលបែរជាគាំទ្រខ្មែរក្រហមតាមគោលជំហរចិនយួនធ្វើអោយសាធារណរដ្ឋខ្មែរដួលរលំជាឱកាសអោយខ្មែរក្រហម ដែលមានចិននៅពីក្រោយនិងយួនបង្កប់ប្រល័យពូជសាសន៍ខ្មែរកម្ទេចនគរខ្មែរនិងសម្លាប់ចោលអស់អ្នកចេះដឹងអ្នកប្រាជ្ញ កវី បណ្ឌិត្យ សិល្បករ របាំ តន្រ្តី អ្នកជំនួញ សិស្សនិស្សិត គ្រូ ជាដើមសឹងតែផុតពូជអស់ជាង៣លាននាក់។

របបខ្មែរក្រហមជាប្រវត្តិសាស្ត្រជាន់ដានរបស់អ្នកដឹកនាំកម្ពុជាខ្លាំងជាងការបែកក្រុងអង្គរនិងលង្វែកទៅទៀតព្រោះរាស្ត្រទាំងនគរត្រូវខ្លោចផ្សា ប្រពៃណីវប្បធម៌រលំរលាយដោយភាពល្ងង់ខ្លៅរបស់អ្នកដឹកនាំស្រមើស្រមៃនិយមដូចជា ប៉ុល ពតជាជនអសមត្ថភាពហើយមិនទទួលស្គាល់កំហុសរបស់ខ្លួនរហូតដល់ថ្ងៃស្លាប់។ ខ្មែរក្រហមនេះហើយដែលនាំអោយខ្សែរាជវង្សខ្លាំងខាងទ័ពរបស់ខ្មែរត្រូវរលាយ​ កម្លាំងទ័ពខ្មែរកម្ពុជាក្រោមក៏ត្រូវកម្ទេចនិងខឿនវប្បធម៌កេរឈ្មោះប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ។

ឥទ្ធិពលយួននៅមានលើកម្ពុជាមកទល់សព្វថ្ងៃដោយមកធ្វើជាជួយវាយខ្មែរក្រហមតាមពិត ជាល្បិចចង់កាន់កាប់កម្ពុជាតែដោយសង្គ្រាមត្រជាក់ចប់ទៅក៏ត្រូវចាកចេញពីកម្ពុជាតែបានបាចបន្លាយួនពេញទន្លេសាបនិងបញ្ចូលអន្តោប្រវេសន៍យួនមកបង្កបញ្ហានៅកម្ពុជាជាពិសេសនៅលើបឹងទន្លេសាប បំផ្លាញមច្ឆាជាតិដែលប្រភពសេដ្ឋកិច្ចសម្រាប់ពលរដ្ឋខ្មែរបង្កអោយរាស្ត្រខ្មែរក្ដៅក្រហាយចំណាកស្រុកទៅរកការងារនៅក្រៅប្រទេសរាប់លាននាក់និងសេដ្ឋកិច្ចមូលដ្ឋានរបស់ពលរដ្ឋមានបញ្ហាជានិច្ចដូចជា ផលដំណាំបានហើយតែតម្លៃថោកជ្រុលគ្មានទីផ្សារនាំអោយខាតបង់ជារឿយៗ៕

ប្រភព : konkhmer.asia

1 thought on “តោះទៅមើល ប្រវត្តិសាស្ត្រគ្រោះថ្នាក់ទាំង ៦ ដែលកម្ពុជាធ្លាប់ឆ្លងកាត់!

  1. វាពិតជាល្អប្រសើរ បើខ្ញុំុំអាចចំលងឯកសារនេះទុក អានពេលណាដែលភ្លេច ព្រោះរឿងនេះមិនដែលហួសសម័យកាលទេ៕

Leave a Reply

Your email address will not be published. Required fields are marked *