មកមើលអគារ ដែលមានរាងទំនើបៗជាងគេក្នុងលោក!

ចែករំលែក

បើសិនជាមាននរណាម្នាក់និយាយថាយើងកំពុងរស់នៅក្នុងពេលអនាគត ប្រាកដជាមានអ្នកខ្លះមិនជឿទេ តែមានរបស់ជាច្រើនដែលយើងធ្លាប់តែឃើញក្នុងរឿងវិទ្យាសាស្ត្រមាននៅខាងក្រៅ ដោយក្នុងចំណោមនោះមានអគារទំនើបៗមួយចំនួនមានទ្រង់ទ្រាយលក្ខណៈស្រដៀងទៅនឹងអគារក្នុងរឿងវិទ្យាសាស្ត្រដែរ។

នៅខាងក្រោមជាអគារដែលមានរាងអគារទំនើបៗបំផុតក្នុងលោក៖

Central Embassy ទីក្រុងបាងកក

អគារនេះមើលទៅដូចជាអណ្ដាតភ្លើងពណ៌ប្រាក់អីចឹង។ បើទោះជាឈ្មោះវាមានន័យថា ស្ថានទូតកណ្ដាលពិតមែន ក៏ប៉ុន្តែវាជាសណ្ឋាគារទេ ដែលក្នុងនោះក៏មានផ្សារទំនើបផងដែរ។

Strata Tower ទីក្រុងឡុងដ៏

Strata Tower ជាអគារស្នាក់នៅដែលមានកម្ពស់១៤៨ម៉ែត្រ។ វាមិនត្រឹមតែមានសម្រស់ទាក់ទាញតែម្យ៉ាងនោះទេ នៅលើកំពូលនៃអគារនេះថែមទាំងមានកង្ហារខ្យល់ ៣ទៀត។ Strata Tower ជាអគារមួយក្នុងចំណោម២ប៉ុណ្ណោះនៅលើលោកដែលមានកង្ហារបែបនេះ (ដែលមួយទៀតជា Shanghai Tower)។ បើទោះជាកង្ហារនោះបានត្រឹមទាញយកថាមពល១ភាគ១០នៃអ្វីដែលគេត្រូវការមែន ក៏អគារនេះជាសញ្ញាបញ្ជាក់ថាយើងកំពុងរស់នៅក្នុងអនាគតពិតមែន។

Reflection at Keppel Bay ទីក្រុងសឹង្ហបុរី

ខុសពីអគារធម្មតាៗដែលងើបឡើងទៅលើត្រង់។ អគារនេះមានរាងកោងបន្តិច ហើយមានដំបូលចោទមកក្រោម នៅលើដំបូលនោះពោរពេញទៅដោយដើមឈើ ហើយអគារទាំង៣គូនោះគឺត្រូវបានតភ្ជាប់ដោយស្ពានរៀងៗខ្លួន។

The Interlace ទីក្រុងសឹង្ហបុរី

អគារដ៏ស្មុគស្មាញមួយនេះមើលទៅដូចជាអគារធម្មតាៗដែលត្រូវបានគេយកមកដាក់ពីលើគ្នាអីចឹង។

Galaxy SOHO ទីក្រុងប៉េកាំង

អគារនេះមានសំណង់ដែលមានលក្ខណៈដូចទឹកហូរតភ្ជាប់គ្នា ដែលធ្វើឲ្យមានបរិយាកាសស្រស់ស្រាយម្យ៉ាង។ នៅជាន់ក្រោមជាកន្លែងសម្រាប់ជួល ហើយជាន់ខាងលើបន្តិចជាការិយាល័យ ហើយនៅខាងលើបំផុតជាភោជនីយដ្ឋាន។

Absolute World ទីក្រុង Toronto

ជាអគារដែលបានសាងសង់ឡើងដោយក្រុមហ៊ុនចិនមួយ។ វាជាអគារដែលមានរាងបត់បែនមិនធម្មតាមួយ ដែលមើលទៅមានលក្ខណៈស្រស់ស្អាតម្យ៉ាង ជាហេតុដែលគេដាក់ឈ្មោះហៅក្រៅឲ្យថា “Marilyn Monroe Tower”។

Maha Nakhon ទីក្រុងបាងកក

វាជាអគារខ្ពស់បំផុតក្នុងប្រទេសថៃ អគារនេះគេបានឆ្នៃឡើងឲ្យមានលក្ខណៈប្រេះស្រាំជុំវិញវា ដូចជាត្រូវបានសត្វពស់យក្សមួយរឹតវាអីចឹង ហើយវាជាអគារមួយដែលមើលទៅឆ្លុះបញ្ចាំដល់អនាគតដ៏ខ្មៅមួយសម្រាប់ពិភពលោក។

Gate Tower ទីក្រុង Osaka

អគារដ៏តូចមួយនេះមើលទៅគ្មានអ្វីប្លែកនោះទេ ប៉ុន្តែអគារនេះមានផ្លូវមួយចាក់ទម្លុះវា ហើយទេសភាពរបៀបនេះយើងធ្លាប់តែឃើញក្នុងរឿងវិទ្យាសាស្ត្រតែប៉ុណ្ណោះ។

គេមិនបានមានបំណងថាចង់ឆ្នៃអគារនេះឲ្យក្លាយជាបែបនេះទេ នៅពេលដំបូងគ្មានផ្លូវដូចនេះទេ ម្ចាស់អគារដំបូងមិនបានដឹងថាគេមានគម្រោងធ្វើផ្លូវ ទាល់តែការសាងសង់អគារបានចាប់ផ្ដើមរួចទៅហើយ ម្ចាស់អគារបដិសេធមិនព្រមវាយកំទេចអគារនោះទេ។ បន្ទាប់ពីមានការចរចារួចមក គេសម្រេចថានឹងធ្វើផ្លូវទម្លុះអគារ។ ហើយជាន់ទី៥ដល់ជាន់ទី៧នៃអគារ ត្រូវបានគេជួលឲ្យអ្នកធ្វើផ្លូវនោះ។ គេក៏បានសាងសង់របាំងដើម្បីការពារអគារពីសម្លេងដែលកើតមកពីឡាននៅលើដងផ្លូវនោះផងដែរ៕

អត្តបទ : https://konkhmer.asia/2018/03/0603201806/
ប្រភព : http://thetowerinfo.com/futuristic-buildings-world/

Leave a Reply

Your email address will not be published. Required fields are marked *